22 យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។
23 ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង
24 យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
25 យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
26 ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
27 ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង
28 យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។