5 អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។
6 យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។
7 អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។
8 អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។
9 យើងនឹងសម្តែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។
10 អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។
11 យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។