ហាបា‌គូក 1 KHSV

1 នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។

ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់

2 ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរព្រះ‌អង្គ​ដល់​កាល​ណា​ទៀតបើ​ព្រះ‌អង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ?ទូលបង្គំ​ស្រែក​ទូល​ព្រះ‌អង្គ​ស្ដី​អំពីអំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្តម្ដេច​ក៏​ព្រះ‌អង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?

3 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំឃើញ​តែ​អំពើ​អាក្រក់ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឃើញ​ការ​សង្កត់‌សង្កិនហើយ​នៅ​ស្ងៀម​ដូច្នេះ?នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់អំពើ​ឃោរ‌ឃៅនិង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។

4 គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរមនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិតចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។

ចម្លើយ​របស់​ព្រះ‌អម្ចាស់

5 «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានាហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ!ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាននៅ​ជំនាន់​អ្នក​រាល់​គ្នា។ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយនោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។

6 មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មកពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត!ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូលដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។

7 ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាចនិង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។

8 សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិនហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ីនៅ​ពេល​ព្រលប់​ទៅ​ទៀត។កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។

9 ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹកដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។

10 ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានាចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយគឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើងហើយ​វាយ​យក​បាន​ទាំង​អស់។

11 ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។

ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី

12 បពិត្រ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មកព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏‌វិសុទ្ធយើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំព្រះ‌អង្គ​ពង្រឹង​កម្លាំង​ពួក​គេដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។

13 ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បរិសុទ្ធ​ពេកព្រះ‌អង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេព្រះ‌អង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ព្រងើយពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែលសុចរិត​ជាង​ខ្លួន?

14 ព្រះ‌អង្គ​ចាត់​ទុក​មនុស្ស​លោកដូច​ត្រី​នៅ​ក្នុង​សមុទ្រឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។

15 ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

16 ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេនិង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។

17 តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តាបែប​នេះ?

ជំពូក

1 2 3