ភីលីព 2:24-30 KHSV

24 ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

25 ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោ‌ប្រូឌីត ជា​បង‌ប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ឲ្យ​មក​រក​បង‌ប្អូន​ជា​ចាំ‌បាច់។ បង‌ប្អូន​បាន​ចាត់​គាត់​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។

26 គាត់​មាន​បំណង​ចង់​មក​ជួប​បង‌ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ត ព្រោះ​បង‌ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។

27 គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​អាណិត​គាត់ គឺ​ព្រះ‌អង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។

28 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ខ្នះ‌ខ្នែង​ចាត់​គាត់​ឲ្យ​មក​ជួប​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​មាន​អំណរ​សប្បាយ ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​ឲ្យ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។

29 សូម​ទទួល​គាត់​ទុក​ដូច​ជា​បង‌ប្អូន​រួម​ជំនឿ ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង

30 ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ដ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង‌ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។