1 ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ដ ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា
2 សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។
3 កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។
4 ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។
5 ព្រះគ្រិស្ដយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។
6 ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
7 ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
8 ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គតគឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
9 ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុតព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
10 ដើម្បីឲ្យអ្វីៗទាំងអស់ទាំងនៅស្ថានបរមសុខ*ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
11 និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថាព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
12 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
13 ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
14 ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ
15 ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
16 ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្ដយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។
17 ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
18 រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
19 ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន
20 ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។
21 អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។
22 បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។
23 ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។
24 ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
25 ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
26 គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។
27 គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
28 ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។
29 សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង
30 ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។