15 ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។
16 ពួកសិស្ស*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំប៉័ងទេដឹង!»។
17 ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស?
18 អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ?
19 កាលខ្ញុំកាច់នំប៉័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។
20 «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។
21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។