1 ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។
2 មានពួកខាងគណៈផារីស៊ី*ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។
3 ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។
4 គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។
5 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទបញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។
6 ប៉ុន្តែ កាលដើមដំបូងនៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។
7 “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន]
8 ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។
9 ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។
10 ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។
11 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។
12 រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
13 មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្តែ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ។
14 កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។
15 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ»។
16 បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។
17 កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
18 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។
19 អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា”»។
20 បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជា*ទាំងនេះ តាំងពីក្មេងមក»។
21 ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។
22 កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
23 ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។
24 ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់!
25 សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ទៅទៀត»។
26 ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។
27 ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។
28 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។
29 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្ដាយកូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ*
30 អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។
31 មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
32 ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖
33 «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។
34 ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
35 បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។
36 ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។
37 គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។
38 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។
39 គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
40 ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឲ្យប៉ុណ្ណោះ»។
41 កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។
42 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។
43 ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។
44 ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន
45 ដ្បិតបុត្រមនុស្ស*មកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
46 ព្រះយេស៊ូ និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។
47 កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។
48 មនុស្សជាច្រើនបានគំរាមគាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។
49 ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹមក្រោកឡើង លោកហៅអ្នក»។
50 គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តម្រង់ទៅរកព្រះយេស៊ូ។
51 ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង»។
52 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។