27 ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីពជាមួយពួកសិស្ស*។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។
28 ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។
29 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ»។
30 ព្រះយេស៊ូហាមប្រាមសិស្ស*មិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
31 បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រមនុស្ស*ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកអាចារ្យ*នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
32 ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។
33 ព្រះយេស៊ូងាកទតទៅពួកសិស្ស*ឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។