1 ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រិស្ដ* សូមជម្រាបមកកុលសម្ព័ន្ធ*ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
2 បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ
3 ដោយដឹងថា ការល្បងលកមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។
4 ក៏ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
5 ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ
6 ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូម ដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។
7 មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ