1 ការទាស់ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?
2 បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។
3 បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
4 មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់!
5 តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។
6 ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។
7 ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
8 សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!
9 ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កម្រិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។
10 ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
11 បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ* និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។
12 មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វីបានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!
13 ឥឡូវនេះ ចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជម្រាបថា
14 បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។
15 បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ»
16 តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។
17 ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ។