យ៉ាកុប 1:9-15 KHSV

9 សូម​ឲ្យ​បង‌ប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះ‌ជាម្ចាស់​លើក​តម្កើង​គេ​ហើយ។

10 រីឯ​បង‌ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។

11 លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

12 អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។

13 ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ ហើយ​ព្រះ‌អង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។

14 ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។

15 ចិត្ត​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។