1 បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។
2 ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ
3 ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!»
4 តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
5 បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលទ្រង់បានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
6 រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស!