យ៉ាកុប 4 KHSV

ការ​ស្រឡាញ់​លោកីយ៍

1 ការ​ទាស់‌ទែង ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង‌ប្អូន កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើប‌ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បង‌ប្អូន​ទេ​ឬ?

2 បង‌ប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បង‌ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង‌ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង‌ប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។

3 បង‌ប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង‌ប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បង‌ប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។

4 មនុស្ស​ក្បត់​ចិត្ត​អើយ! បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់!

5 តើ​បង‌ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មក​គង់​ក្នុង​បង‌ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។

6 ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា«ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។

7 ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។

8 សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*​ទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!

9 ចូរ​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាក់​ដល់​កម្រិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។

10 ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

កុំ​ថ្កោល​ទោស​បង‌ប្អូន

11 បង‌ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង‌ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​ក្រឹត្យ‌វិន័យ* និង​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​ក្រឹត្យ‌វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ទៅ​វិញ។

12 មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​គត់​ដែល​បង្កើត​ក្រឹត្យ‌វិន័យ ហើយ​ទ្រង់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង‌ប្អូន​ឯ​ទៀតៗ​ដូច្នេះ!

កុំ​មាន​គំនិត​ខ្ពស់

13 ឥឡូវ​នេះ ចំពោះ​បង‌ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា

14 បង‌ប្អូន​ពុំ​ដឹង​ថា ថ្ងៃ​ស្អែក ជីវិត​បង‌ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង‌ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។

15 បង‌ប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»

16 តែ​ឥឡូវ​នេះ បង‌ប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។

17 ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

ជំពូក

1 2 3 4 5