យ៉ាកុប 5 KHSV

ការ​ព្រមាន​ពួក​អ្នក​មាន

1 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន!

2 ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។

3 មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក

4 ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សម្រែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*។

5 អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែន‌ដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។

6 អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។

ការ​អត់‌ធ្មត់ និង​ការ​ព្យាយាម​អធិស្ឋាន

7 ដូច្នេះ បង‌ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ។

8 បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

9 បង‌ប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។

10 បង‌ប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

11 យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ‌ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង‌ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ‌ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង‌ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។

12 ជា​ពិសេស បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ គឺ​កុំ​យក​មេឃ យក​ផែន‌ដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» ឲ្យ​ប្រាកដ​ជា​«មែន» «ទេ» ឲ្យ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​ឲ្យ​មាន​ទោស។

13 ក្នុង​ចំណោម​បង‌ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។

14 ក្នុង​ចំណោម​បង‌ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុម‌ជំនុំ​មក ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ​គាត់ និង​លាប​ប្រេង*​ឲ្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

15 ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ឲ្យ។

16 ដូច្នេះ សូម​បង‌ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។

17 ព្យាការី​អេលីយ៉ា​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែន‌ដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។

18 បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។

19 បង‌ប្អូន​អើយ ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​ឲ្យ​វិល​ត្រឡប់​មក​វិញ

20 តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់​ផង។

ជំពូក

1 2 3 4 5