13 កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។
14 គឺព្រះគ្រិស្ដហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។
15 ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។
16 ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។
17 ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។
18 ដោយសារព្រះគ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
19 ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។