អេភេសូ 4 KHSV

ការ​រួប‌រួម​របស់​គ្រិស្ដ​បរិស័ទ

1 ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់​តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន ចូរ​រស់​នៅ ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។

2 ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។

3 ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។

4 ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។

5 ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។

6 ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

7 ព្រះ‌អង្គ​បាន​ផ្ដល់​ព្រះ‌គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រិស្ដ​ប្រទាន​មក​យើង។

8 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន ផ្សេងៗ​ដល់​មនុស្ស​លោក»។

9 ពាក្យ​ថា​“យាង​ឡើង​ទៅ”​នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះ‌អង្គ​បាន​យាង​ចុះ​មក​ផែន‌ដី​ដ៏​ទាប​នេះជា​មុន​សិន។

10 ព្រះ‌អង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះ‌អង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។

11 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន

12 ដើម្បី​រៀបចំ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ឡើង

13 រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កំពស់​របស់​ព្រះ‌គ្រិស្ដ​ដែល​បំពេញ​អ្វីៗ​ទាំង​អស់។

14 ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា​ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។

15 ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ដ​ជា​សិរសា

16 គឺ​ព្រះ‌អង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។

ជីវិត​ចាស់ និង​ជីវិត​ថ្មី

17 ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។

18 គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។

19 ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។

20 រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌គ្រិស្ដ​របៀប​នេះ​ទេ។

21 ប្រសិន​បើ​បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បង‌ប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះ‌អង្គ​មែន

22 បង‌ប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បង‌ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។

23 ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង

24 ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

25 ហេតុ​នេះ សូម​បង‌ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង‌ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

26 ប្រសិន​បើ​បង‌ប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។

27 កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បង‌ប្អូន។

28 អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។

29 កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង‌ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះ‌ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។

30 កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បង‌ប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​យាង​មក​លោះ​យើង។

31 សូម​បង‌ប្អូន​កំចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង‌ប្អូន​ទៅ។

32 ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បង‌ប្អូន ដោយ‌សារ​ព្រះ‌គ្រិស្ដ​ដែរ។

ជំពូក

1 2 3 4 5 6