15 ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។
16 ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។
17 ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។
18 ដោយសារព្រះគ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
19 ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។
20 ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។
21 គឺព្រះគ្រិស្ដហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។