7 ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ
8 ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់
9 ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។
10 យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្តតាម។
11 ដូច្នេះ សូមបងប្អូនចងចាំថា: ពីដើម បងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសម្គាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។
12 កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ដ គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី*ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះ ដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។
13 កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។