9 រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
10 មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
11 ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ*
12 ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
13 ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។
14 ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ
15 យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។