១ ធីម៉ូថេ 1 KHSV

សេចក្ដី​ផ្ដើម

1 ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ទី​សង្ឃឹម​នៃ​យើង

2 មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។

ពាក្យ​ដាស់​តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ

3 ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ ដើម្បី​ហាម‌ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ

4 ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ស្គាល់​តាម​ជំនឿ។

5 ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម‌ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មន‌សិការ​ជ្រះ‌ថ្លា និង​ពី​ជំនឿ​ឥត​ពុត‌ត្បុត។

6 អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល‌ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ

7 គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។

8 យើង​ដឹង​ហើយ​ថា ក្រឹត្យ‌វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។

9 យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ

10 ពួក​ប្រាស‌ចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ

11 ស្រប​តាម​ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ព្រះ‌អង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌ជាម្ចាស់

12 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ទ្រង់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ។

13 ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។

14 ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ទ្រង់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រិស្ដ‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។

16 ព្រះ‌ជាម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌គ្រិស្ដ‌យេស៊ូ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូក​ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះ‌អង្គ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច។

17 សូម​ឲ្យ​ព្រះ‌មហា‌ក្សត្រដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ចជា​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គមាន​ព្រះ‌ជន្ម​មិន​ចេះ​សាប​សូន្យដែល​មនុស្ស​មើល​ពុំ​ឃើញបាន​ប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌រុងរឿងអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

18 ធីម៉ូថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ

19 ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។

20 ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេ‌នាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មារ​សាតាំង ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​ព្រះ‌ជាម្ចាស់​ទៀត។

ជំពូក

1 2 3 4 5 6