១ ធីម៉ូថេ 6 KHSV

1 ចំពោះ​បង‌ប្អូន​ដែល​ជា​ទាសករ​ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​ព្រះ‌នាម​នៃ​ព្រះ‌ជាម្ចាស់ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​បាន​ឡើយ។

2 បង‌ប្អូន​ទាំង‌ឡាយ​ណា​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ធ្វេស‌ប្រហែស​ក្នុង​ការ​គោរព​គាត់ ដោយ​យល់​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ម្ចាស់​ទាំង​នោះ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​យល់​ថា អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​នេះ គឺ​ជា​អ្នក​ជឿ និង​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់។អ្នក​ត្រូវ​បង្រៀន និង​ដាស់‌តឿន​គេ​តាម​សេចក្ដី​ទាំង​នេះ។

អំពី​សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ និង​ការ​ស្រឡាញ់​សម្បត្តិ​លោកីយ៍

3 ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ទេ​នោះ

4 អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក‌ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន‌ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ត​គ្នា

5 និង​នាំ​ឲ្យ​អស់​អ្នក​ដែល​មាន​គំនិត​ខូច គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន ជជែក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពួក​គេ​ចាត់​ទុក​ថា​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជា​មធ្យោ‌បាយ​រក​ទ្រព្យ​សម្បត្តិ។

6 ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ពិត​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្តិ​មែន!

7 ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​បាន​ដែរ!។

8 ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។

9 រីឯ​អស់​អ្នក​ដែល​ចង់​មាន​ចង់​បាន​តែងតែ​ចាញ់​ការ​ល្បួង ជាប់​អន្ទាក់ ដោយ​ចិត្ត​ប៉ង‌ប្រាថ្នា លេលា និង​ចង្រៃ​ជា​ច្រើន ដែល​ពន្លិច​មនុស្ស​ឲ្យ​វិនាស​អន្តរាយ

10 ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង‌ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។

ពាក្យ​ដាស់‌តឿន​ចុង​បញ្ចប់

11 ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់‌ធ្មត់ ចិត្ត​ស្លូត​បូត។

12 ត្រូវ​ពុះ‌ពារ​តយុទ្ធ​សម្រាប់​ជំនឿ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់‌កល្ប​ជា‌និច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​មក​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​នេះ ដូច​អ្នក​បាន​ទទួល​ស្គាល់ ក្នុង​ពេល​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន ដែល​ជា​សាក្សី។

13 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រិស្ដ‌យេស៊ូ ដែល​បាន​ផ្ដល់​សក្ខីភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-‌ពីឡាត ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​ថា

14 ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ឥត​កំហុស រហូត​ដល់​ពេល​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក

15 នៅ​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ។ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សុភមង្គលមាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ‌អធិបតីព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រធំ​លើស​មហា‌ក្សត្រ​នានាជា​ព្រះ‌អម្ចាស់​ធំ​លើស​អម្ចាស់​នានា

16 មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មានព្រះ‌ជន្ម​អមតៈព្រះ‌អង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណាអាច​ចូល​ជិត​បាន​ឡើយហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញនិង​អាច​ឃើញ​ព្រះ‌អង្គ​បាន​ដែរសូម​លើក​តម្កើង​ព្រះ‌កិត្តិនាម និង​ព្រះ‌ចេស្ដារបស់​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច! អាម៉ែន!

17 ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។

18 ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន ឲ្យ​គេ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ

19 ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់‌វង្ស​សម្រាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។

20 ធីម៉ូថេ​អើយ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ញើ​នឹង​អ្នក ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្តី​ឥត​ន័យ ឥត​ខ្លឹម‌សារ និង​ចៀស​វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។

21 មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ជំពូក

1 2 3 4 5 6