1 ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្ស។
2 គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អារក្ស។
3 ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។
4 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួល ទាំងអរព្រះគុណវិញ
5 ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអរព្រះគុណ បានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។
6 បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រិស្ដយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។
7 កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។
8 ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។
9 ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា:
10 យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។
11 អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។
12 កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។
13 ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទំរាំខ្ញុំមកដល់។
14 កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ
15 ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។
16 ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។