២ ធីម៉ូថេ 1 KHSV

សេចក្ដី​ផ្ដើម

1 ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា

2 មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។

លោក​ប៉ូល​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ និង​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ

3 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិ‌ស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។

4 ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។

5 ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។

6 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ

7 ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។

8 ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

9 ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

10 ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ។ ព្រះ‌គ្រិស្ដ​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។

11 ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។

12 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះ‌អង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះ‌អង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះ‌អង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះ‌អង្គ​យាង​មក។

13 ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

14 អ្វីៗ​ដ៏​ល្អ​ដែល​ព្រះ‌អង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់‌វង្ស ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។

15 បង‌ប្អូន​នៅ​ស្រុក​អាស៊ី​បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ើម៉ូ‌គេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។

16 សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។

17 មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។

18 សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះ‌អង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។

ជំពូក

1 2 3 4