8 ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។
9 ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។
10 ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។
11 ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
12 ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។
13 ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។
14 ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះ ក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។