២ ពេត្រុស 1 KHSV

សេចក្ដី​ផ្ដើម

1 ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បម្រើ និង​ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ* សូម​ជម្រាប​មក​បង‌ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌ជា‌ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង‌ប្អូន​ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។

2 ដោយ​បង‌ប្អូន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។

ព្រះ‌ជា‌ម្ចាស់​ត្រាស់​ហៅ​គ្រិស្ដ‌បរិស័ទ

3 ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ‌អង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

4 ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បង‌ប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។

5 ហេតុ​នេះ បង‌ប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះ‌អង្គ​ពី​លើ​កិរិយា​ល្អ

6 បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ‌អង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ

7 បន្ថែម​ភាតរ‌ភាព​ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពី​លើ​ភាតរ‌ភាព។

8 ប្រសិន​បើ​បង‌ប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បង‌ប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។

9 ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា​ព្រះ‌ជា‌ម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។

10 ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះ‌ជា‌ម្ចាស់ បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង‌ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។

11 ដូច្នេះ បង‌ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

12 ហេតុ​នេះ ខ្ញុំ​នឹង​រំឭក​ដាស់‌តឿន​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជា‌និច្ច ទោះ​បី​បង‌ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង‌ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។

13 ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បង‌ប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។

14 ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។

15 ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង‌ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។

បន្ទាល់​អំពី​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ

16 យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ​មក​ណែ‌នាំ​បង‌ប្អូន ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ*​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង

17 ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិនាម និង​សិរី‌រុងរឿង​ពី​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​មក នៅ​ពេល​ដែល​មាន​ព្រះ‌សូរសៀង​លាន់​ឮ ចេញ​ពី​សិរី‌រុងរឿង​ដ៏​ឧត្តុង្គ‌ឧត្ដម​មក​កាន់​ព្រះ‌អង្គ​ថា: “នេះ​ជា​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!”។

18 យើង​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។

19 យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បង‌ប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង ក្នុង​ចិត្ត​បង‌ប្អូន។

20 ជា​បឋម សូម​បង‌ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​បាន​ឡើយ

21 ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់។

ជំពូក

1 2 3