២ ពេត្រុស 2:2-8 KHSV

2 មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។

3 ពួក​គេ​នឹង​បោក​ប្រាស់​បង‌ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះ‌អង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះ‌អង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ

4 ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស។

5 ព្រះ‌អង្គ​ក៏​ពុំ​បាន​យោគ‌យល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះ‌អង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។

6 ព្រះ‌អង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។

7 ព្រះ‌អង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។

8 រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។