3 ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន
4 គេនឹងពោលថា: «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។
5 គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដី កកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។
6 បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។
7 មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្តរាយ។
8 បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។
9 ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។