22 ប៉ុន្ដែឥឡូវនេះព្រះអង្គបានឲ្យអ្នករាល់គ្នាផ្សះផ្សានឹងព្រះអង្គតាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាមរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ គ្មានកំហុស ហើយឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់
23 បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
24 ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ
25 ហើយខ្ញុំក៏ត្រលប់ជាអ្នកបម្រើក្រុមជំនុំស្របតាមតួនាទីមើលការខុសត្រូវដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់
26 គឺជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុកតាំងពីអស់កល្បតរៀងមក ប៉ុន្ដែ ឥឡូវនេះ បានបង្ហាញឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់
27 ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
28 យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ