1 ចៅហ្វាយរាល់គ្នាអើយ! ចូរផ្ដល់យុត្ដិធម៌ និងភាពត្រឹមត្រូវដល់បាវបម្រើរបស់អ្នកចុះ ដោយដឹងថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។
2 ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ
3 ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង
4 និងសូមឲ្យខ្ញុំបង្ហាញអាថ៌កំបាំងនោះ តាមដែលខ្ញុំត្រូវនិយាយ។
5 ចូរប្រព្រឹត្ដចំពោះអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើប្រាស់ពេលវេលាផង។
6 ចូរឲ្យអ្នករាល់គ្នាមានពាក្យសំដីល្អៗជានិច្ច ទាំងមានជាតិប្រៃផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងមនុស្សម្នាក់ៗយ៉ាងណា។
7 លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់ ជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបម្រើរួមការងារក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់អំពីខ្ញុំ
8 ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីយើង និងដើម្បីកម្សាន្ដចិត្ដអ្នករាល់គ្នា។
9 ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូនេស៊ីម ជាបងប្អូនដ៏ជាទីស្រឡាញ់ និងជាមនុស្សស្មោះត្រង់ដែលជាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែរ អ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលនៅទីនេះ។
10 លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។
11 រីឯលោកយេស៊ូដែលហៅថាយូស្ទុស ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលជាអ្នករួមការងារសម្រាប់នគរព្រះជាម្ចាស់ ហើយបានលើកទឹកចិត្ដខ្ញុំទៀតផង។
12 លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។
13 ខ្ញុំធ្វើបន្ទាល់អំពីគាត់ថា គាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងពួកអ្នកនៅក្រុងហេរ៉ាប៉ូល។
14 លោកលូកាជាគ្រូពេទ្យជាទីស្រឡាញ់ និងលោកដេម៉ាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
15 សូមជម្រាបសួរដល់បងប្អូននៅក្រុងឡៅឌីសេ និងនាងនីមផាស ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះនាងដែរ។
16 ពេលណាអ្នករាល់គ្នាបានអានសំបុត្រនេះរួចហើយ ចូរឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។
17 សូមប្រាប់លោកអើឃីពថា៖ «ចូរយកចិត្ដទុកដាក់ចំពោះមុខងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ចុះ ដើម្បីបំពេញមុខងារបម្រើនោះឲ្យបានសម្រេច»។
18 ខ្ញុំប៉ូលសរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយសូមអ្នករាល់គ្នានឹកចាំអំពីការជាប់ចំណងរបស់ខ្ញុំផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។