កូឡូស 3:15-21 KCB

15 ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​

16 ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​

17 ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​

18 ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ចុះ​ ដោយ​ព្រោះ​ជា​ការ​សមរម្យ​នៅ​ក្នុង​ព្រះអម្ចាស់។​

19 ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ចុះ​ កុំ​មួម៉ៅ​ដាក់​នាង​ឡើយ។​

20 ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​នៅ​ក្នុង​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។​

21 ឪពុក​រាល់គ្នា​អើយ!​ ចូរ​កុំ​រករឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ ក្រែង​លោ​វា​ខូចចិត្ត។​