16 ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្ដចុះ។
17 ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។
18 ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។
19 ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួនចុះ កុំមួម៉ៅដាក់នាងឡើយ។
20 ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុងការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
21 ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ក្រែងលោវាខូចចិត្ត។
22 បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមនៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះត្រង់ទាំងកោតខ្លាចព្រះអម្ចាស់