1 រីឯអ្នកវិញ ចូរនិយាយសេចក្ដីណាដែលស្របតាមសេចក្ដីបង្រៀនត្រឹមត្រូវ។
2 ត្រូវឲ្យបុរសចាស់ៗចេះទប់ចិត្ដ ហើយដឹងខុសត្រូវ គួរឲ្យគោរព និងរឹងមាំក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីអត់ធ្មត់ផង។
3 រីឯស្ត្រីចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទសមជាអ្នកបរិសុទ្ធ មិននិយាយមូលបង្កាច់ ឬញៀនស្រាឡើយ ប៉ុន្តែជាគ្រូបង្រៀនសេចក្ដីត្រឹមត្រូវវិញ
4 ដើម្បីអប់រំស្រ្តីក្មេងៗឲ្យស្រឡាញ់ប្ដី និងកូនរបស់ខ្លួន
5 ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
6 រីឯបុរសក្មេងៗវិញ ក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានគំនិតត្រឹមត្រូវ។
7 ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ
8 និងពាក្យសំដីត្រឹមត្រូវ ដែលរកបន្ទោសមិនបាន ដើម្បីឲ្យអ្នកប្រឆាំងអាម៉ាស់មុខដោយគ្មានអ្វីអាក្រក់និយាយអំពីយើង។
9 ចូរឲ្យពួកបាវបម្រើចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ទាំងផ្គាប់ចិត្តចៅហ្វាយ ហើយឥតប្រកែក
10 ឥតលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសំដែងភាពស្មោះត្រង់ទាំងស្រុង ដើម្បីតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់
11 ដ្បិតព្រះគុណរបស់ព្រះជាម្ចាស់ដែលនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់បានលេចមកហើយ
12 ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់
13 ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ដ៏ឧត្ដម គឺព្រះយេស៊ូគ្រិស្ដជាព្រះអង្គសង្គ្រោះរបស់យើង
14 ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
15 ចូរប្រាប់អំពីទាំងនេះ ទាំងដាស់តឿន និងស្ដីបន្ទោសពួកគេដោយសិទ្ធិអំណាចគ្រប់បែបយ៉ាង។ កុំឲ្យអ្នកណាម្នាក់មើលងាយអ្នកឡើយ។