1 ខ្ញុំយ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។
2 បងប្អូនរបស់ខ្ញុំអើយ! កាលណាអ្នករាល់គ្នាជួបសេចក្ដីល្បួងផ្សេងៗ នោះត្រូវចាត់ទុកថាជាអំណរដ៏ក្រៃលែង
3 ទាំងដឹងថា ការល្បងលជំនឿរបស់អ្នករាល់គ្នាបង្កើតសេចក្ដីអត់ធ្មត់
4 ហើយចូរទុកឲ្យសេចក្ដីអត់ធ្មត់នោះបង្កើតផលគ្រប់លក្ខណ៍ចុះ ដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យ ហើយគ្រប់លក្ខណ៍ឥតខ្វះអ្វីឡើយ
5 ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យមិនខាន
6 ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។