16 បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរកុំឲ្យចាញ់បញ្ឆោតឡើយ
17 ដ្បិតគ្រប់ទាំងរបស់ល្អ និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍សុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
18 ព្រះអង្គបានបង្កើតយើងទៅតាមបំណងរបស់ព្រះអង្គដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។
19 បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ
20 ដ្បិតកំហឹងរបស់មនុស្សមិនអាចសម្រេចបានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទេ។
21 ដូច្នេះ ចូរបោះបង់សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង និងសេចក្ដីអាក្រក់ទាំងឡាយចោល ហើយទទួលយកព្រះបន្ទូលដែលបានដាំនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដោយចិត្ដស្លូតបូត ដ្បិតព្រះបន្ទូលអាចជួយសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
22 ចូរធ្វើជាអ្នកប្រព្រឹត្ដតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ