5 ចូរស្ដាប់ចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! តើព្រះជាម្ចាស់មិនបានជ្រើសរើសអ្នកក្រនៅក្នុងពិភពលោកនេះ ឲ្យធ្វើជាអ្នកមានខាងឯជំនឿ និងជាអ្នកទទួលបាននគរដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គទុកជាមរតកទេឬ?
6 ប៉ុន្ដែអ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកក្រអាម៉ាស់ទៅវិញ តើមិនមែនពួកអ្នកមានទេឬដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅតុលាការ?
7 តើមិនមែនពួកអ្នកមានទេឬដែលប្រមាថនាមដ៏ល្អ ដែលគេហៅអ្នករាល់គ្នាតាមនាមនោះ?
8 បើអ្នករាល់គ្នាធ្វើតាមក្រឹត្យវិន័យដ៏ប្រសើរ ស្របតាមបទគម្ពីរដែលបានចែងថា ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនឲ្យដូចខ្លួនឯង នោះអ្នករាល់គ្នាប្រព្រឹត្ដបានល្អហើយ
9 ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីលំអៀង នោះអ្នករាល់គ្នាប្រព្រឹត្ដបាប ហើយក្រឹត្យវិន័យក៏បង្ហាញថាអ្នករាល់គ្នាជាអ្នកល្មើសក្រឹត្យវិន័យដែរ។
10 ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងអស់ ប៉ុន្ដែបានធ្វើខុសត្រង់ចំណុចណាមួយ នោះត្រលប់ជាមានទោសនៅចំពោះក្រឹត្យវិន័យទាំងអស់ហើយ
11 ដ្បិតព្រះជាម្ចាស់ដែលមានបន្ទូលថា កុំប្រព្រឹត្ដអំពើផិតក្បត់ ព្រះអង្គក៏បានមានបន្ទូលដែរថា កុំសម្លាប់មនុស្ស។ ដូច្នេះ ទោះបីអ្នកមិនបានប្រព្រឹត្ដអំពើផិតក្បត់ក៏ដោយ ប៉ុន្ដែបានសម្លាប់មនុស្ស នោះអ្នកបានត្រលប់ជាអ្នកល្មើសនឹងក្រឹត្យវិន័យហើយ។