យ៉ាកុប 2:8-14 KCB

8 បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​

9 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​លំអៀង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នក​រាល់គ្នា​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ដែរ។​

10 ដ្បិត​អ្នកណា​ដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំង​អស់​ ប៉ុន្ដែ​បាន​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ នោះ​ត្រលប់​ជា​មាន​ទោស​នៅ​ចំពោះ​ក្រឹត្យវិន័យ​ទាំង​អស់​ហើយ​

11 ដ្បិត​ព្រះជាម្ចាស់​ដែល​មាន​បន្ទូល​ថា​ កុំ​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ដែរ​ថា​ កុំ​សម្លាប់​មនុស្ស។​ ដូច្នេះ​ ទោះបី​អ្នក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ក៏​ដោយ​ ប៉ុន្ដែ​បាន​សម្លាប់​មនុស្ស​ នោះ​អ្នក​បាន​ត្រលប់​ជា​អ្នក​ល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។​

12 ដូច្នេះ ចូរ​អ្នក​រាល់គ្នា​និយាយ​ ព្រមទាំង​ប្រព្រឹត្ដ​ឲ្យ​ស័ក្តិសម​ជា​ពួកអ្នក​ដែល​ក្រឹត្យវិន័យ​នៃ​សេរីភាព​រៀប​នឹង​ជំនុំជម្រះ​ចុះ​

13 ដ្បិត​ការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ទេ​ ចំពោះ​អស់​អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ ប៉ុន្ដែសេចក្ដី​មេត្ដា​ករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។​

14 ឱ​ បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​និយាយ​ថា​ខ្លួន​មាន​ជំនឿ​ ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្តិ​ តើ​មាន​ប្រយោជន៍​អ្វី‍?​ តើ​ជំនឿ​បែប​នេះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ‍​ឬ​ទេ‍?​