8 ចូរចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាវិញ ឱមនុស្សបាបអើយ! ចូរលាងដៃឲ្យបានស្អាតចុះ ឱមនុស្សមានចិត្តពីរអើយ! ចូរជម្រះចិត្តឲ្យបានបរិសុទ្ធចុះ។
9 ចូរមានទុក្ខវេទនា ហើយកាន់ទុក្ខ ព្រមទាំងយំសោក ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រលប់ជាទុក្ខព្រួយចុះ ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រលប់ជាភាពសោកសង្រេងវិញ។
10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាឡើង។
11 បងប្អូនអើយ! មិនត្រូវនិយាយមួលបង្កាច់គ្នាឡើយ អ្នកណាដែលនិយាយមួលបង្កាច់ ឬថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះនិយាយមួលបង្កាច់ និងថ្កោលទោសក្រឹត្យវិន័យហើយ។ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនជាអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺជាអ្នកថ្កោលទោសវិញ។
12 មានតែព្រះមួយអង្គប៉ុណ្ណោះ ដែលជាអ្នកផ្ដល់ក្រឹត្យវិន័យ ហើយជាចៅក្រមដែលអាចសង្គ្រោះ និងបំផ្លាញបាន។ រីឯអ្នកវិញ តើអ្នកជាអ្នកណា បានជាហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ?
13 ចូរមក៍ ឱពួកអ្នកដែលនិយាយថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅកាន់ក្រុងមួយ ហើយស្នាក់នៅទីនោះមួយឆ្នាំ រួចរកស៊ីឲ្យបានចំណេញអើយ!
14 អ្នករាល់គ្នាមិនដឹងថា ថ្ងៃស្អែកមានអ្វីកើតឡើងទេ ហើយក៏មិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាដែរ! ដ្បិតអ្នករាល់គ្នាគ្រាន់តែជាចំហាយទឹកដែលមានតែមួយភ្លែត ហើយហួតអស់ទៅវិញប៉ុណ្ណោះ។