យ៉ាកុប 5:12-18 KCB

12 លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​

13 នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​រងទុក្ខ​លំបាក​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​អធិស្ឋាន​ចុះ​ មាន​អ្នកណា​អរ​សប្បាយ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​ចុះ​

14 នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​ឈឺ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​

15 ការ​អធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​ គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។​

16 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​

17 លោក​អេលីយ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​ គាត់​បាន​អធិស្ឋាន​ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី​អស់​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។​

18 បន្ទាប់​មក​ គាត់​បាន​អធិស្ឋាន​ម្ដង​ទៀត​ នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ ហើយ​ដី​ក៏​បាន​បង្កើត​ផល​ផ្លែ។​