វិវរណៈ 1:10-16 KCB

10 នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​

11 បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​

12 ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេងដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ ពេល​បែរ​ទៅ​ហើយ​ ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ​

13 ហើយ​នៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​ មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ ពាក់​អាវ​វែង​ដល់​ជើង​ ហើយ​ពាក់​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​

14 សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​

15 ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​

16 លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​ ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​ ចេញ​ពី​មាត់​លោក​មក​ ហើយ​មុខ​លោក​ដូច​ជា​ដួង​អាទិត្យ​ភ្លឺ​ពេញ​កម្ដៅ។​