វិវរណៈ 11:6-12 KCB

6 អ្នក​ទាំង​នេះ​មាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ថ្លែង​ព្រះបន្ទូល​ ហើយ​ក៏​មាន​អំណាច​លើ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ត្រលប់​ទៅ​ជា​ឈាម​ ព្រមទាំង​វាយ​ប្រហារ​ផែនដី​ដោយ​គ្រោះកាច​គ្រប់​យ៉ាង​ជា​ញឹកញាប់​តាម​តែ​ពួកគេ​ចង់។​

7 កាល​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​ មាន​សត្វ​សាហាវ​ឡើង​ពី​ទី​ជម្រៅ​មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ​ ហើយ​សម្លាប់​ពួកគេ​ផង​

8 ហើយ​សាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​នោះ​ ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ ក្រុង​សូដុម​ និង​ស្រុក​អេស៊ីព្ទ​ ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។​

9 មាន​មនុស្ស​មក​ពី​បណ្ដា​ជនជាតិ​ បណ្ដា​កុលសម្ព័ន្ធ​ បណ្ដា​ភាសា​ និង​បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​មើល​សាកសព​របស់​ពួកគេ​អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​សាកសព​របស់​ពួកគេ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។​

10 អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​

11 ប៉ុន្ដែ​បី​ថ្ងៃ​កន្លះ​ក្រោយ​មក​ មាន​ដង្ហើម​ជីវិត​ចេញ​ពី​ព្រះជាម្ចាស់​ចូល​មក​ក្នុង​សាកសព​អ្នក​ទាំង​ពីរ​ ហើយ​ពួកគេ​ក៏​ក្រោក​ឈរ​ឡើង​ រីឯ​អស់​អ្នក​ដែល​ឃើញ​ពួកគេ​ក៏​មាន​សេចក្ដី​ភ័យខ្លាច​ជា​ខ្លាំង។​

12 នោះ​អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​មក​កាន់​ពួកគេ​ថា​ ចូរ​ឡើង​មក​នេះ។​ នោះ​ពួកគេ​ក៏​ឡើង​ទៅ​លើ​មេឃ​ ក្នុង​ពពក​ ហើយ​សត្រូវ​របស់​ពួកគេ​ក៏​ឃើញ​ដែរ។​