វិវរណៈ 14:6-12 KCB

6 ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ និង​គ្រប់​ជនជាតិ​

7 ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ចុះ​ ដ្បិត​ពេល​ដែល​ព្រះអង្គ​ត្រូវ​ជំនុំ​ជម្រះ​បាន​មក​ដល់​ហើយ​ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ ផែនដី​ សមុទ្រ​ និង​ប្រភព​ទឹក​ទាំងឡាយ​ចុះ»​។​

8 មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​

9 បន្ទាប់​មក​ មាន​ទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «បើ​អ្នកណា​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ហើយ​ទទួល​យក​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ខ្លួន​

10 អ្នក​នោះ​នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់​ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ក្នុង​ភ្លើង​ និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូនចៀម។​

11 នោះ​ផ្សែង​នៃ​ទារុណ​កម្ម​របស់​ពួកគេ​ក៏​ហុយ​ឡើង​អស់កល្ប​ជានិច្ច​ ពួកគេ​គ្មាន​សេចក្ដី​ស្រាកស្រាន្ដ​ឡើយ​ ទាំង​ថ្ងៃ​ ទាំង​យប់​ គឺ​ពួកអ្នក​ដែល​ថ្វាយបង្គំ​សត្វ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​អ្នកណា​ដែល​ទទួល​សញ្ញា​សំគាល់​នៃ​ឈ្មោះ​របស់​វា​ផង។​»

12 នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​