1 បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរដែលជាគ្រោះកាចចុងក្រោយ ដ្បិតសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានសម្រេចដោយសារគ្រោះកាចទាំងនោះ។
2 ខ្ញុំបានឃើញមានដូចជាសមុទ្រកែវលាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វាកំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់
3 ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេជាបាវបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ស្នារព្រះហស្ដរបស់ព្រះអង្គធំ ហើយអស្ចារ្យណាស់ ឱព្រះមហាក្សត្រនៃជនជាតិទាំងឡាយអើយ! ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់
4 ឱព្រះអម្ចាស់អើយ! តើមានអ្នកណាមិនកោតខ្លាច ហើយមិនថ្វាយសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះដែលបរិសុទ្ធ។ ជនជាតិទាំងអស់នឹងចូលមក ហើយថ្វាយបង្គំព្រះអង្គ ព្រោះសេចក្ដីសុចរិតរបស់ព្រះអង្គបានសំដែងឲ្យឃើញហើយ»។