1 បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលអង្គុយលើទឹកជាច្រើន
2 ពួកស្ដេចនៅផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយពួកអ្នកដែលរស់នៅលើផែនដីបានស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង»។
3 ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋាន ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាសពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។
4 ស្រ្ដីស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមទុំ ហើយតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយនៅក្នុងដៃដែលពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង
5 ហើយនៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះ ជាសេចក្ដីអាថ៌កំបាំងថា «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ជាម្ដាយរបស់ពួកស្រ្ដីពេស្យា និងអំពើគួរស្អប់ខ្ពើមនៅផែនដី»។
6 ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។