វិវរណៈ 18:14-20 KCB

14 ភោគផល​ដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​ បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិតៗ​ និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​ រួច​របស់​ទាំង​នោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។​

15 ពួក​ឈ្មួញ​ជួញ​របស់​ទាំង​នេះ​ដែល​ត្រលប់​ជា​មាន​បាន​ដោយសារ​ក្រុង​នោះ​ នឹង​ឈរ​ពី​ចម្ងាយ​ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​

16 ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​អើយ!​ អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេស​ឯកប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ទាំង​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​

17 ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាស​អស់»។​ រីឯ​អស់​ទាំង​អ្នក​បើក​នាវា​ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ កម្មករ​នាវា​ និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ​

18 ហើយ​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុង​ដ៏​ធំ​នេះ?»​

19 ពួកគេ​ក៏​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន​ ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​ត្រលប់​ជា​មាន​បាន​ដោយសារ​ទ្រព្យ​សម្បត្ដិ​របស់​ក្រុង​នោះ​ ដ្បិត​ក្រុង​នោះ​បាន​វិនាស​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!

20 ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​