វិវរណៈ 18:3-9 KCB

3 ពី​ព្រោះ​ជនជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ក្រុង​នោះ​ ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​ក្រុង​នោះ​ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ត្រលប់​ជា​មាន​បាន​ដោយសារ​សេចក្ដី​ស្រើបស្រាល​ដ៏​លើសលប់​របស់​ក្រុង​នោះ»។​

4 ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ ប្រជារាស្រ្ដ​របស់​យើង​អើយ!​ ចូរ​ចេញ​ឲ្យ​ផុត​ពី​ក្រុង​នោះ​មក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​មាន​ចំណែក​នៅ​ក្នុង​បាប​របស់​ក្រុង​នោះ​ ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​រង​គ្រោះកាច​ណា​មួយ​របស់​ក្រុង​នោះ​ដែរ​

5 ដ្បិត​បាប​របស់​ក្រុង​នោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់​មេឃ​ ហើយ​ព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើ​អាក្រក់​របស់​ក្រុង​នោះ។​

6 ចូរ​សង​ដល់​ក្រុង​នោះ​តាម​ការ​ដែល​ក្រុង​នោះ​បាន​ធ្វើ​ចុះ​ ហើយ​ឲ្យ​ដល់​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​តាម​អំពើ​របស់​ក្រុង​នោះ។​ ចូរ​ចាក់​ឲ្យ​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង​ដែល​ក្រុង​នោះ​បាន​ចាក់​ឲ្យ​ចុះ។​

7 ក្រុង​នោះ​បាន​តម្កើង​ខ្លួន​ ហើយ​រស់​នៅ​ដោយ​ស្រើបស្រាល​ជា​យ៉ាង​ណា​ ចូរ​ប្រគល់​ការ​ឈឺចាប់​ និង​ទុក្ខព្រួយ​ដល់​ក្រុង​នោះ​ជា​យ៉ាង​នោះ​ចុះ​ ដ្បិត​ក្រុង​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា៖​ «ខ្ញុំ​អង្គុយ​ជា​មហា​ក្សត្រិយានី​ ខ្ញុំ​មិន​មែន​ជា​ស្រ្ដី​មេម៉ាយ​ទេ​ ហើយ​ខ្ញុំក៏​មិន​ជួប​ទុក្ខព្រួយ​ឡើយ»។​

8 ហេតុ​នេះ​បាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់ឃ្លាន​ ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំ​ជម្រះ​ក្រុង​នោះ​ ព្រះអង្គ​ខ្លាំង​ពូកែ។​

9 ពួក​ស្ដេច​នៅ​លើ​ផែនដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ហើយ​រស់​នៅ​យ៉ាង​ស្រើបស្រាល​ជាមួយ​ក្រុង​នោះ​នឹង​ទ្រហោយំ​ ហើយ​ទួញសោក​ ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ។​