វិវរណៈ 18:8-14 KCB

8 ហេតុ​នេះ​បាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់ឃ្លាន​ ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំ​ជម្រះ​ក្រុង​នោះ​ ព្រះអង្គ​ខ្លាំង​ពូកែ។​

9 ពួក​ស្ដេច​នៅ​លើ​ផែនដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ហើយ​រស់​នៅ​យ៉ាង​ស្រើបស្រាល​ជាមួយ​ក្រុង​នោះ​នឹង​ទ្រហោយំ​ ហើយ​ទួញសោក​ ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ។​

10 ពួកគេ​ឈរ​ពី​ចម្ងាយ​ ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ និង​ជា​ក្រុង​ដ៏​ខ្លាំង​ពូកែ​អើយ!​ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង»។​

11 រីឯ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ទ្រហោយំ​ ហើយ​កាន់​ទុក្ខ​នឹង​ក្រុង​នោះ​ ព្រោះ​លែង​មាន​នរណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ហើយ​

12 ទំនិញ​ទាំង​នោះ​មាន​ មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ គជ់​ ក្រណាត់​ទេសឯក​ប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​សូត្រ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ឈើ​ក្រអូប​គ្រប់​ប្រភេទ​ គ្រឿង​ភ្លុក​គ្រប់​ប្រភេទ​ គ្រឿង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​ឈើ​ ពី​លង្ហិន​ ពី​ដែក​ និង​ពី​ថ្ម​កែវ​

13 ហើយ​មាន​សំបក​ដើម​សម្បុរល្វែង​ គ្រឿង​ទេស​ គ្រឿង​ក្រអូប​ ប្រេង​ក្រអូប​ កំញ៉ាន​ ស្រា​ទំពាំងបាយជូរ​ ប្រេង​អូលីវ​ ម្សៅម៉ដ្ដ​ ស្រូវ​សាលី​ គោ​ក្របី​ ចៀម​ សេះ​ រទេះ​ បាវបម្រើ​ និង​ជីវិត​មនុស្ស​ផង។​

14 ភោគផល​ដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​ បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិតៗ​ និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​ រួច​របស់​ទាំង​នោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។​