វិវរណៈ 19:13-19 KCB

13 ព្រះអង្គ​ស្លៀក​សម្លៀកបំពាក់​ដែល​ប្រឡាក់​ឈាម​ ហើយ​គេ​ហៅ​ព្រះនាម​ព្រះអង្គ​ថា​ «ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»​

14 រីឯ​កងទ័ព​នៅ​ស្ថានសួគ៌​ដែល​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេសឯក​ប្រណិត​ ស​ស្អាត​ បាន​ជិះ​សេះ​ស​តាម​ព្រះអង្គ។​

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារ​ជនជាតិ​ទាំងឡាយ​ដោយសារ​ដាវ​នោះ​ ហើយ​ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ ព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​

16 ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​

17 ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​ក្នុង​ដួងអាទិត្យ​ ហើយ​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​ដល់​សត្វ​ស្លាប​ទាំង​អស់​ដែល​ហើរ​នៅ​កណ្ដាល​អាកាស​ថា៖​ «ចូល​មក​ ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់លៀង​ដ៏​ធំ​របស់​ព្រះជាម្ចាស់​

18 ដើម្បី​ឲ្យ​ពួក​ឯង​ស៊ី​សាច់​ពួក​ស្ដេច​ សាច់​ពួក​មេទ័ព​ សាច់​ពួកអ្នក​ខ្លាំង​ពូកែ​ សាច់​សេះ​ និង​សាច់​ពួកអ្នក​ជិះ​សេះ​ ព្រមទាំង​សាច់​មនុស្ស​ទាំង​អស់​ ទាំង​អ្នក​មាន​សេរីភាព​ ទាំង​បាវបម្រើ​ ទាំង​តូច​ ទាំង​ធំ»។​

19 ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​ និង​ពួក​ស្ដេច​នៅ​លើ​ផែនដី​ ព្រមទាំង​កងទ័ព​របស់​ពួកគេ​ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ​ ហើយ​នឹង​កងទ័ព​របស់​ព្រះអង្គ។​