វិវរណៈ 20:1-5 KCB

1 បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក​ ទាំង​កាន់​កូនសោ​ទី​ជម្រៅ​ និង​ច្រវាក់​យ៉ាង​ធំ​នៅ​ក្នុង​ដៃ​

2 ទេវតា​នោះ​ក៏​ចាប់​នាគ​នោះ​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជា​មេ​អារក្ស​ផង​ និង​ជា​សាតាំង​ផង​ ហើយ​ចង​វា​ទុក​រយៈ​ពេល​មួយពាន់​ឆ្នាំ​

3 រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​

4 ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​

5 រីឯ​មនុស្ស​ស្លាប់​ឯ​ទៀតៗ​មិន​បាន​រស់​ឡើង​វិញ​ទេ​ រហូត​ទាល់​តែ​គ្រប់​មួយពាន់​ឆ្នាំ​នោះ​សិន។​ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទីមួយ។​