3 ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេ ពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ
4 ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។
5 ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ «មើល៍ យើងធ្វើអ្វីៗទាំងអស់ជាថ្មី»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។
6 បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិត ដោយឥតគិតថ្លៃ។
7 អ្នកណាមានជ័យជម្នះនឹងទទួលបានសេចក្ដីទាំងនេះជាមរតក យើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
8 ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។
9 បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមក ហើយនិយាយមកខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំដែលជាប្រពន្ធរបស់កូនចៀម»។