វិវរណៈ 22:8-14 KCB

8 ខ្ញុំ​យ៉ូហាន​ ជា​អ្នក​ដែល​បាន​ឮ​ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ហើយ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ និង​បាន​ឃើញ​ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ដើម្បី​ថ្វាយបង្គំ»​

9 ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ក៏​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​ជា​បងប្អូន​របស់​អ្នក​ ព្រមទាំង​រួម​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​នៅ​ក្នុង​សៀវភៅ​នេះ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។​

10 ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «ចូរ​កុំ​បំបិទ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​

11 អ្នកណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ​ អ្នកណា​ដែល​ស្មោកគ្រោក​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោកគ្រោក​ចុះ​ រីឯ​អ្នកណា​ដែល​សុចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិត​ចុះ​ ហើយ​អ្នកណា​ដែល​បរិសុទ្ធ​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ ចុះ»។​

12 «មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់​ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ផង​ ដើម្បី​ប្រគល់​ឲ្យ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​ខ្លួន។​

13 យើង​ជា​អាលផា​ និង​ជា​អូមេកា​ គឺ​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ហើយ​ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត»។​

14 មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​